steven_gerrard
wayne_rooney

ប្រធានក្រុមហង្សក្រហម​លីវើភូល អាយុ ២៥ ឆ្នាំ ស្តេវិន ជេរ៉ាត បាន​ជាប់​ជា​កីឡាករ​លេង​ល្អ​ប្រចាំ​ឆ្នាំ ២០០៦ របស់​សមាគមន៍​កីឡាករ​អាជីព (Professional Footballers’ Association) ខណៈ​ដែល​កីឡាករ​ខ្សែ​ប្រយុទ្ធ​អាយុ ២០ ឆ្នាំ​របស់​ក្លឹប​បីសាចក្រហម​មេនញូ វេន រូនី ជាប់​ជា​កីឡាករ​វ័យក្មេង​លេង​ល្អ​ប្រចាំ​ឆ្នាំ​ផង​ដែរ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ទាំងពីរ​រូប​នេះ បាន​កក់​កៅអី​ជម្រើស​ជាតិ​អង់គ្លេស​រួច​ហើយ ដើម្បី​ទៅ​លេង​ពានរង្វាន់​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់​ខែ​ក្រោយ​នេះ ។

ប្រវត្តិ​ជ័យលាភី​កីឡាករ​លេង​ល្អ​របស់​ភីអេហ្វអេ ៖

  • ១៩៩៦ ៖ លេស ហ្វើឌីណាន់ (ញូខាស្សល)
  • ១៩៩៧ ៖ អាឡាំង សៀរ័រ (ញូខាស្សល)
  • ១៩៩៨ ៖ ដេនីស បេកខាំ (អាសេណល)
  • ១៩៩៩ ៖ ដេវីដ ជីណូឡា (ថត់ថន់ហេម)
  • ២០០០ ៖ រ៉យ ឃីន (មេនញូ)
  • ២០០១ ៖ ធេឌី សេរីងហេម (មេនញូ)
  • ២០០២ ៖ រូដ វ៉ាន់នីស្តេលរ៉យ (មេនញូ)
  • ២០០៣ ៖ ធៀរី ហង់​រី (អាសេណល)
  • ២០០៤ ៖ ធៀរី ហង់​រី (អាសេណល)
  • ២០០៥ ៖ ចន ធេរី (ឆេលស៊ី)

ប្រវត្តិ​ជ័យលាភី​កីឡាករ​វ័យក្មេង​លេង​ល្អ​របស់​ភីអេហ្វអេ ៖

  • ១៩៩៦ ៖ រូប៊ី ហ្វាវល័រ (លីវើភូល)
  • ១៩៩៧ ៖ ដេវីដ បេកខេម (មេនញូ)
  • ១៩៩៨ ៖ ម៉ៃឃើល អូវិន (លីវើភូល)
  • ១៩៩៩ ៖ នីកូឡាស់ អានែលកា (អាសេណល)
  • ២០០០ ៖ ហារី ឃ្យួល (លីដ)
  • ២០០១ ៖ ស្តេវិន ជេរ៉ាត (លីវើភូល)
  • ២០០២ ៖ ក្រេក បេឡាមី (ញូខាស្សល)
  • ២០០៣ ៖ ជើមេន ជីណាស (ញូខាស្សល)
  • ២០០៤ ៖ ស្កុត ប៉ាកគឺរ (ឆេលស៊ី)
  • ២០០៥ ៖ វេន រ៉ូនី (មេនញូ)

schumacher_sanmarino
(ស៊ូម៉ាឃើ​គាត់​ត្រេកអរពេក លោត​សឹង​របូត​ខោ)

នរណា​ថា​អាឡុងសូ​ខ្លាំង ? តាម​ពិត​ស៊ូម៉ាឃើ​គាត់​មិន​ទាន់​បញ្ចេញ​អស់​ស្នៀត​ផង​ហ្នឹង ។ ឥឡូវ​ពេល​គាត់​បញ្ចេញ​អស់​ទៅ មាន​អី​ឈ្នះ​ដែរ​តើ ម្សិលម្ង៉ៃ​នៅ​ទីលាន​សាន់ម៉ារីណូ  ! តែ​និយាយ​លេង​សើច​អី គាត់​ក៏​លស់ព្រលឹង​ដោយ​សារ​អាឡុងសូ​មិន​ស្ទើរ​ដែរ ។ និយាយ​មិន​ឲ្យ​បះសក់​ម្ដេច​ហ្នឹង​កើត បើ​អាឡុងសូ​តាម​ស្អិត​ពី​ក្រោយ​រហូត សឹង​តែ​ចាប់​តាំង​ពី​ដើម​ទី ពេល​ខ្លះ​សឹង​តែ​វ៉ា​បាន​ទៀត​ផង ។ ចាប់​ពី​ជុំ​ទី ២០ ជាង​មក (ទាំងអស់ ៦២ ជុំ) ឡាន​អាឡុងសូ​នៅ​ជាប់​កន្ទុយ​ឡាន​ស៊ូម៉ាឃើ​រហូត បើ​និយាយ​ទៅ​គឺ​ឃ្លាត​គ្នា​មិន​លើស​ពី ២ វិនាទី​ផង តែ​មិន​មែន​ចេះ​តែ​ភ័យ​ស្លន់ស្លោ​ឯណា ស៊ូម៉ាឃើ​គាត់​ប្រមូល​អារម្មណ៍​ក្នុង​ការ​បើកបរ​បាន​យ៉ាង​ល្អ បិទ​មិន​ឲ្យ​អាឡុងសូ​វ៉ា​បាន​ឡើយ ។ បើ​អាឡុងសូ​វិញ ពេល​ខ្លះ​ដូចជា​ឆេវឆាវ​បន្តិច ពិសេស​អា​ពេល​នៅ​សល់​បួនដប់​ជុំ​ចុងក្រោយ ។ គាត់​សុត​យក​ម៉ា​អស់​ដៃ រហូត​ដល់​ចំណុច​ខ្លះ វេ​ចង្កូត​សឹង​តែ​គ្រប់គ្រង​មិន​បាន ។ ទីបំផុត ស៊ូម៉ាឃើ​មក​ដល់​ទីព្រ័ត្រ​ដោយ​ជោគជ័យ គឺ​មុន​អាឡុងសូ​តែ​ប្រហែល ២ វិនាទី​ប៉ុណ្ណោះ ។ ឯ​ម៉ុងតូយ៉ា​បាន​លេខ ៣, ម៉ាសា លេខ ៤, រ៉ៃកូណិន លេខ ៥ ។ គ្រាន់​តែ​មក​ដល់​ទី​ភ្លាម ទស្សនីកជន​ជាច្រើន​នាំគ្នា​អបអរសាទរ​ស៊ូម៉ាឃើ ខ្លះ​ចូល​មក​ក្នុង​ទីលាន​ប្រណាំង​ហើយ​គ្រវី​ទង់​យ៉ាង​សង្ហា ដែល​ខុស​ពី​ពេល​មុនៗ​ដែល​អាឡុងសូ​ឈ្នះ ។ សូម្បី​តែ​ខ្ញុំ ក៏​លោត​ហើប​គូថ​ផុត​​ពី​កៅអី​សឹង​តែ​កន្លះ​ម៉ែត្រ​ដែរ ពេល​ឃើញ​គាត់​ដល់​ទី ។

សរុប​ពិន្ទុ​អ្នក​បើកបរ ៖

  • អាឡុងសូ ៖ ៣៦
  • ស៊ូម៉ាឃើ ៖ ២១
  • រ៉ៃកូណិន ៖ ១៨

ឯ​ពិន្ទុ​ក្រុម​វិញ ៖

  • រ៉េណូល ៖ ៥១
  • ម៉ាកក្លារ៉ិន ៖ ៣៣
  • ហ្វ៊ើរ៉ារី ៖ ៣០

huon_soben
(មិន​បាច់​ប្រាប់​ទេ ខ្ញុំ​ជឿថា​អ្នក​ទាំងអស់​គ្នា​នឹង​អាច​ទាយ​ថា​មួយ​ណា​ជា​នាង)

ហួន សុបិន​មាន​ម្ដាយ​ជា​ជនជាតិ​កម្ពុជា ។ ឆ្នាំ​នេះ​នាង​មាន​អាយុ ២៣ ឆ្នាំ​ហើយ ។ នាង​បាន​ជាប់​ជា​បវរកញ្ញា​ប្រចាំរដ្ឋយូថា សហរដ្ឋអាមេរិក នៅ​ខែ វិច្ឆិកា ២០០៥ ។ ថ្ងៃ​នេះ នាង​នឹង​ចូលរួម​ប្រឡងប្រជែង​យក​តំណែង​បវរកញ្ញា​ប្រចាំ​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​បវរកញ្ញា​ចំនួន ៥១ រូប​ចូលរួម​ផង​ដែរ ។ នេះ​គឺ​ជា​មោទនភាព​បំផុត​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាមួយ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ។ អ្នក​ណា​ទៅ​មើលឃើញ ថា​ថ្ងៃ​ក្រោយ​ខ្មែរ​មាន​អ្វី​ទៀត​ទៅ​ប្រកួត​នឹង​គេ !

ប្រវត្តិរូប​សង្ខេប

  • ឈ្មោះ​ពី​កំណើត ៖ ហួន សុបិន
  • ទីកន្លែងកំណើត ៖ ដាឡាស់ តិចសាស់
  • ថ្ងៃ​កំណើត ៖ ២៦ កុម្ភៈ ១៩៨៣
  • ទីលំនៅបច្ចុប្បន្ន ៖ ប្រ៉ាវ៉ូ រដ្ឋយូថា
  • អាជីព ៖ និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ Brigham Young ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ
  • ឪពុកឈ្មោះ ៖ Matthew
  • ម្ដាយឈ្មោះ ៖ ហួន សម្បត្តិ

spider_man_3
ត្រូវ​បាន​គេ​ចាប់ផ្ដើម​ថត​នៅ​​ខែ កញ្ញា ឆ្នាំ ២០០៥ ។ តួ​ឯក​ប្រុសស្រី​គឺ​នៅ​ដដែល​គឺ Tobey Maguire និង Kirsten Dunst ។ បើ​តាម​ការ​ប៉ាន់ស្មាន រឿង​នេះ​អាច​នឹង​ចំណាយ​ថវិកា​អស់ ២៥០ លានដុល្លារ គឺ​បំបែក​ឯកទត្តកម្ម​រឿង “គីង កុង” ដែល​ចំណាយ​ថវិកា​ថត​អស់​ត្រឹម​តែ ២០៧ លានដុល្លារ​ប៉ុណ្ណោះ ។
នៅ​វគ្គ​នេះ មនុស្ស​ពីងពាង​នឹង​ប្រឈមមុខ​ជាមួយ​នឹង​សត្រូវ​លំបាក​ជាង​មុន​ពីរ​ដង គឺ​អាច​ជា​មនុស្ស​ពិស និង មនុស្ស​ពង្វក់​ស្មារតី ហើយ​ក៏​មាន​លេចចេញ​នូវ​តួស្រី​ថ្មី​ដ៏​សែន​ស្រស់ស្អាត​ម្នាក់​ទៀត​ផង​ដែរ ដោយ​មិន​ដឹង​ថា តួ​ស្រី​នេះ​អាច​នឹង​ធ្វើ​ឲ្យ Peter Paker ឈ្លក់វង្វេង​ឬ​ក៏​អត់​នោះ​ទេ ។ បើ​ចង់​ជ្រាប​ច្បាស់​សូម​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា 🙂

  • និពន្ធ​ដោយ ៖ Sam Raimi
  • សម្ដែង​ដោយ ៖ Tobey Maguire, Kirsten Dunst, Topher Grace, James Franco, Thomas Haden Church, Bryce Dallas Howard, Elizabeth Banks, J.K. Simmons, Theresa Russell, Simon Whitehouse
  • ចែកចាយ​ដោយ ៖ Columbia Pictures (Sony)
  • គ្រោង​ដាក់បញ្ចាំង ៖ ៤ ឧសភា ២០០៧
  • ចំណាយ​អស់​ថវិកា ៖ ២៥០ លានដុល្លារ

Khmer_new_year
នៅក្នុង​ឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំច អដ្ឋស័ក ព.ស ២៥៥០ នេះ ខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​សក្តិសិទ្ធិ​ក្នុង​លោក និងទេវតាថ្នាំថ្មី​ប្រោសប្រទាន​ពរជ័យ សេរីមង្គល​ជូនដល់​បងប្អូន​ខ្មែរ​ទាំងអស់ ឲ្យ​ទទួល​បាន​នូវ​សុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និង​សុភមង្គល ជា​ពិសេស​សូម​ឲ្យ​ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ ។

man_utd_new_sponsor
(កីឡាករ​ខ្សែ​បម្រើ​ស្លាបឆ្វេង​កូរ៉េ ប៉ាក ជីស៊ុង និង កំពូល​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​អង់គ្លេស វេន រូនី ខណៈ​ពេល​ល​អាវ​ថ្មី)

ក្រុម​មែនឆេស្ទ័រយូណាយធីត ទើប​តែ​បាន​ចុះ​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​លើ​អាវ​កីឡាករ រយៈពេល ៤ ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អាមេរិក​គឺ​ក្រុមហ៊ុន​អ៉េអ៉ាយជី ក្នុង​តម្លៃ​ខ្ពស់​កប់ពពក ៥៦,៦លានផោន​ក្នុង​រយៈពេល ៤ ឆ្នាំ ។ ក្លឹប​នេះ​បាន​បំបែក​ឯកត្តកម្ម​របស់​ក្លឹប​តោខៀវ​ឆេលស៊ី​ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​សាំសុង​របស់​កូរ៉េ​កាល​ពី​ឆ្នាំ​មុន ដែល​មាន​តម្លៃ ៥០លានផោន​ក្នុង​រយៈពេល ៥ ឆ្នាំ ។ ក្រុមហ៊ុន​ឧបត្ថម្ភ​ចាស់​របស់​ក្លឹប​មេនញូ​គឺ​​ក្រុមហ៊ុន វ៉ាដាហ្វូន បាន​សម្រេច​បញ្ចប់​កិច្ចសន្យា​ដែល​មាន​តម្លៃ​តែ ៩លានផោន/ឆ្នាំ ហើយ​មាន​គម្រោង​ងាក​ទៅ​ឧបត្ថម្ភ​ខាង​ផ្នែក​ពាន​រង្វាន់​នៅ​អឺរ៉ុប​វិញ ដែល​ភាសា​កីឡា​គេ​ហៅ​ថា ឆាមពានលីក ។ អ្នក​ដែល​បាន​មើល​ឆាមពានលីក​ឆ្នាំ​នេះ ប្រាកដ​ជា​ដឹង​ហើយ​ថា ក្រុមហ៊ុន​ឧបត្ថម្ភ​ពាន​រង្វាន់​នេះ​មាន ហែននីគែន និង ម៉ាស្ទ័រកាត ។
អ្នក​វិភាគ​បាន​និយាយ​ថា ប្រាក់​ដែល​បាន​ពី​កិច្ចសន្យា​នេះ អាច​នឹង​ត្រូវ​បាន​ក្លឹប​យក​ទៅ​ចំណាយ​ទិញ​កីឡាករ​ល្អៗ​បន្ថែម ប៉ុន្តែ​លោក​ស៊ឺរ អាឡិចហ្វ៊ឺហ្គូសុន កំពូល​អ្នក​ចាត់ការ​ក្លឹប​បីសាច​ក្រហម​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទោះ​ពេល​នេះ​យើង​សម្បូរ​ប្រាក់​ក៏​ដោយ ក៏​យើង​នៅ​តែ​ចាយ​វាយ​ត្បិតត្បៀត​ដូច​មុន​ដដែល ។

black_mio

ជាមួយ​នឹង​រូបរាង​យ៉ាង​សង្ហា និង ល្បឿន​ដ៏​លឿន យ៉ាម៉ាហាមីអូ​បាន​នឹង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន​យ៉ាង​ច្រើន​នៅ​ស្រុក​ខ្មែរ ជា​ពិសេស​គឺ​យុវវ័យ​ដែល​រៀន​នៅ​ត្រឹម​វិទ្យាល័យ​ចុះ​ក្រោម ។ បើ​និយាយ​ពី​ស្រីៗក្មេងៗ​វិញ ចូលចិត្ត​ណាស់…ម៉ូតូ​ហ្នឹង ។ និយាយ​មិន​ចូលចិត្ត​ម្ដេច​ហ្នឹង​បាន បើ​ពេល​ជិះ​ម៉ូតូ​ហ្នឹង​កាលណា ប្រុសៗ​មើល​ឡើង​ភ្លឹក​រហូត​ដល់​ភ្លេច​ដកដង្ហើម​ទៀត​ផង ។ តែ​ទោះ​ជា​យ៉ាង​ណា ចាស់ៗ​គាត់​មិន​សូវ​ជា​ចូលចិត្ត​ម៉ូតូ​ប្រភេទ​នេះ​ប៉ុន្មាន​ឡើយ ព្រោះ​គាត់​យល់​ថា​មិន​សូវ​សមរម្យ ជា​ពិសេស​សម្រាប់​កូនស្រី ។
ម៉ូតូ​នេះ​ក៏​មាន​តម្លៃ​មិន​ថោក​ប៉ុន្មាន​ដែរ​គឺ​ប្រហែល​ជា​ជាង ១ពាន់ដុល្លារ​ឯណោះ ហើយ​ស៊ីសាំងទៀត​ផង ។