ដោយ​សារ​តែ​មាន​បញ្ហា​បន្តិចបន្តួច​ជាមួយ​នឹង​ស្បែក​បច្ចុប្បន្ន ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ស្បែក​ថ្មី​សម្រាប់​កំណត់ហេតុ​ខ្ញុំ​ហើយ ។ អា​ថ្មី​រាង​ច្បាស់​ជាង ហើយ​មើល​ទៅ​ឥត​ដាច់​ដៃ​ដាច់​ជើង​ទៀត ។

stallman
white_sandal
(សាច់​រឿង​ដើម)

មាន​អ្នក​ល្បីៗ​មួយ​ចំនួន​បាន​ផ្ដល់​ដំបូន្មាន​ដល់​ក្រុម អូផេនសស ថា​គួរ​តែ​រៀន​តុបតែង​ខ្លួន​ឲ្យ​បាន​សមរម្យ​បន្តិច បើ​ចង់​ឲ្យ​វិស័យ​របស់​ខ្លួន​កាន់​តែ​រីកចម្រើន ។ កុំ​ស្រឡាញ់​អា​ស្បែក​ជើង​ផ្ទាត់ សក់​វែង ពុកមាត់​ហៀរ​ចង្ការ​ហ្នឹង​ពេក ។
រី​ឯ​ខ្ញុំ​វិញ​ក៏​​ធ្លាប់​ជួប​លោក រីឆាត ស្តលមេន ម្ដង​ដែរ​កាល​ពី​ឆ្នាំ​មុន គឺ​ក្នុង​ឱកាស​កិច្ចប្រជុំ FOSSAP (Free and Open Source Software Asia-Pacific) លើក​ទី២ នៅ​ក្រុង​សៀមរាប ។ អូ… បើ​និយាយ​ពី​អស់លោក​ធំៗ​វិញ ស្លៀក​សុទ្ធ​តែ​អាវ​ធំ ក្រវ៉ាត់ក ស្បែក​ជើង​ខ្វៀ​ខាត់​សារ៉ា​រលោង​សឹង​តែ​ឆ្លុះ​មុខ​បាន សក់​វិញ​លាប​សុទ្ធ​តែ​ចាហ៊ួយ​សើម​ជោគ ។ ស្រាប់​តែ​នរណា​មិន​បះសក់ តួឯក ស្តលមេន ចេញ​មក​ដល់ ពាក់​ស្បែក​ជើង​ផ្ទាត់​ដែល​សណ្ឋាគារ​ទុក​ឲ្យ​ចូល​បន្ទប់​ទឹក​ធ្វើ​មិន​ដឹង ។ ទម្លាក់​សក់​យ៉ាង​រំភើយ​ប្រ៉ះស្មា ខ្ញុំ​ឃើញ​មួយ​ភ្លែត​ស្មាន​តែ​ភ្លេច​លុបមុខ​សិត​សក់ ។

ស៊ូម៉ាឃើ
បើ​រាប់​ចាប់​ពី​ឆ្នាំ ២០០៤ ទៅ​ក្រោយ​វិញ មិន​បាច់​និយាយ​ទេ គឺ​គាត់​ម៉ៅ​ដាច់ ៧ ឆ្នាំ​អា​ជើង​ឯក Formula1 ស្អី​គេ​ហ្នឹង ។ តែ​សុំ​ទោស​ចុះ ឆ្នាំ ២០០៥ អាឡុងសូ សូម​ម្ដង​ហើយ ។ ខ្ញុំ​នៅ​ចាំ​បាន​ថា ឆ្នាំ ២០០៥ ហ្វើណាន់ដូ អាឡុងសូ ជាប់​លេខ១ មាន ១៣៣ពិន្ទុ ។ លេខ២ បាន​ទៅ​លើ គីមី រ៉ៃកូណិន មាន ១១២ពិន្ទុ ។ ឯ​លោក​បង​ស៊ូម៉ាឃើ បាន​លេខ៣ មាន ៦២ពិន្ទុ ។
សម្រាប់​ឆ្នាំ ២០០៦ វិញ F1 ប្រណាំង​បាន​ពីរ​ទីលាន​ហើយ​គឺ​បារ៉ែន និង ម៉ាឡេស៊ី ។ នៅ​បារ៉ែន អាឡុងសូ ជាប់​លេខ១ ស៊ូម៉ាឃើ ជាប់​លេខ២ ហើយ​រ៉ៃកូណិន ជាប់​លេខ៣ ។ នៅ​ម៉ាឡេ​វិញ អាឡុងសូ ជាប់​លេខ​១​ទៀត ខណៈ​ដែល​ស៊ូម៉ាឃើ​ជាប់​លេខ៦ ឯណោះ ។ ចាំមើល​មើ ថ្ងៃ​អាទិត្យ​ទី​២ មេសា​ហ្នឹង នរណា​ខ្លាំង​នៅ​អូស្ត្រាលី ។ បន្ត​ផ្ទាល់​ប៉ុស្តិ៍ Starsport ម៉ោង ១២ ថ្ងៃត្រង់ (ម៉ោង​នៅ​ភ្នំពេញ) ។

ស្លឹករឹត
មេខលា

ប្រហែល​ជា​ឆ្ងល់​ហើយ​ថា អា​ហ្នឹង​ស្អី​គេ ? អា​ពួក​ហ្នឹង​សុទ្ធ​តែ​ជា​កម្មវិធីកុំព្យូទ័រ​ភាសាខ្មែរ​ទាំងអស់ ។ ស្លឹករឹត គឺ​ជា​កម្មវិធី​ដែល​ប្រើ​សម្រាប់​វាយ​អត្ថបទ ។ ឈ្មោះ​ដើម​ជា​ភាសា​អង់គ្លេស​របស់​វា​គឺ OpenOffice Writer ។ មេខលា វិញ​គឺ​ជា​កម្មវិធី​សម្រាប់​បើក​អ៊ីនធឺណិត ។ គេ​បកប្រែ​វា​ពី Mozilla Firefox ។

ទើប​តែ​បាន​ដំឡើង​ស៊ូស៊ីលីនុច ១០.១ បេតា៨ រួច ហើយ​ក៏​ឆ្លៀត​បង្កើត​រូបភាព​ខ្លះ ៖

  • ផ្ទាំង​ជ្រើស​ភាសា…ខ្មែរ​សង្ហារ​ម្លេះ !
  • បន្ទាប់​ពី​ជ្រើស​ភាសា​រួច ។ ចន្លោះ​មិន​ឃើញ​នៅ​បង្ហាញ​ជ្រុងៗ​នៅ​ឡើយ (ទោះ​កំពុង​ប្រើ​ពុម្ពអក្សរ Khmer OS System ក៏​ដោយ) ។ កំហុស​នេះ​នឹង​បំបាត់​នៅ​ក្នុង​កំណែ ១០.២…
    ជ្រើស​ខ្មែរ​រួច
  • ឡូយ​ដែរ​តើ ជ្រើស​ភ្នំពេញ​ស្វ័យប្រវត្តិ​តែ​ម្ដង…
    ជ្រើស​ភ្នំពេញ​ដោយ​ស្វ័យប្រវត្តិ
  • បន្ទាប់​ពី​ចាប់ផ្ដើម​កុំព្យូទ័រ​ឡើង​វិញ (បញ្ចប់​ស៊ីឌី​ទី១) កម្មវិធី​ដំឡើង​មិន​ជ្រើស​ពុម្ពអក្សរ Khmer OS System ឡើយ…(យើង​នឹង​រាយការណ៍​កំហុស​នេះ​ទៅ​ស៊ូស៊ី)ចប់​ស៊ីឌី​ទី១
  • បញ្ចប់​ស៊ីឌី​ទី៤ ហើយ​បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជាង​មួយ​ម៉ោង…ហើយ​ក៏​រួចរាល់​ហើយ​ដែរ ។ មើល​លោក​ខ្មែរ​ដល់​ណា​ហើយ !រួចរាល់
    អ្វី​ដែល​យើង​ទទួល​បាន​ក្រោយ​ពេល​ដំឡើង​គឺ ៖
    – KDE ជា​ភាសាខ្មែរ
    – ពុម្ពអក្សរ​យូនីកូដ​ខ្មែរ​ដំឡើង​រួច​ស្រេច (តែ​មិន​ទាន់​ជ្រើស Khmer OS System ជា​លំនាំដើម)
    – ក្ដារចុច​យូនីកូដ​ខ្មែរ​ដំឡើង​រួច​ស្រេច (តែ​មិន​ទាន់​ធ្វើ​ឲ្យ​ប្រើ​បាន)
  • ប្ដូរ​ពុម្ពអក្សរ​ទៅ​ជា Khmer OS System នៅ​ក្នុង​ការ​កំណត់​ផ្ទាល់​ខ្លួន…ពុម្ពអក្សរ
  • ធ្វើ​ឲ្យ​ប្លង់​ក្ដារចុច​សម្រាប់​ប្រទេស​កម្ពុជា​ប្រើ​បាន…ក្ដារចុច
  • សម្រាប់​បញ្ហា​ពុម្ពអក្សរ និង ប្លង់ក្ដារចុច យើង​នឹង​ព្យាយាម​ដោះស្រាយ​បន្ត​ទៀត ។
    ស៊ូស៊ី ១០.១ នឹង​ចេញផ្សាយ​នៅ​ចុង​ខែ​នេះ ហើយ​ស៊ូស៊ី ១០.១ ផ្លូវការ​នឹង​ចេញផ្សាយ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ។ សង្ឃឹម​ថា​អា​ពួក​ម៉ាក​ខ្ញុំ​នៅ​ស្រុក​នឹង​ពេញចិត្ត​មិន​ខាន ព្រោះ​សន្យា​ថា​យក​ឲ្យ​វា​ពេល​ទៅ​លេង​ចូល​ឆ្នាំ ។

linux.gif
រវល់​តែ​អួត ភ្លេច​ប្រាប់​ឲ្យ​ឈឹង​ថា កម្មវិធី​កុំព្យូទ័រ​ដែល​ខ្ញុំ​លើក​យក​មក​និយាយ​នៅ​ទីនេះ គឺ​ដំណើរការ​តែ​ក្នុង​លីនុច​ប៉ុណ្ណោះ ។ ប៉ុន្តែ​អាច​មាន​កម្មវិធី​មួយ​ចំនួន​ដែរ ដែល​នឹង​អាច​ដំណើរការ​ទាំង​លើ​លីនុច និង វ៉ីនដូ ។

ឥឡូវ​ឥត​ទាន់​មាន​អី​អួត មាន​តែ​អួត​អា​កម្មវិធី​ដែល​ប្រើ​សម្រាប់​ទាញយក ៖
កំពុង​ទាញយក​ស៊ូស៊ីលីនីក ១០.១ បេតា ៨ ដោយ​ប្រើ Kget
អូ ! បើ​និយាយ​ពី​កម្មវិធី​គ្រប់គ្រង​ការ​ទាញយក​វិញ (download manager) អា Kget ហ្នឹង​ពិត​ជា​អេម​ផស់​គេ​មែន ។ មិន​មែន​ចេះ​តែ​អួត​ទេ តែ​អាហ្នឹង​វា​អញ្ចឹង​មែន ! បើ​មិន​ជឿ​មើល​ខាង​ក្រោម ៖

  • អាច​ផ្អាក ឬ បន្ត​ការ​ទាញយក​ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​ម៉ា​ប៉ក់
  • អាច​បន្ត​ដោយ​ស្វ័យប្រវត្តិ ពេល​ដាច់​ការ​តភ្ជាប់
  • មាន​គោលដៅ​ទម្លាក់​មួយ ដែល​អាច​ឲ្យ​យើង​អូស ហើយ​ទម្លាក់ URL ដែល​ចង់​ទាញយក
  • អាច​កំណត់​ចំនួន​ការ​តភ្ជាប់ ដើម្បី​ទាញយក​ឯកសារ (ឮ​គេ​ថា តភ្ជាប់​កាន់​តែ​ច្រើន ល្បឿន​កាន់​តែ​លឿន)
  • គ្រាន់​តែ​យើង​ចម្លង URL ដែល​យើង​ចង់​ទាញយក វា​នឹង​ទាញយក​ដោយ​ស្វ័យប្រវត្តិ
  • ហើយ​ពិសេស​ជាង​គេ​បំផុត គឺ​ចំណុច​ប្រទាក់​ជា​ភាសាខ្មែរ​ហ្នឹង​តែ​ម្ដង