ចង់មានន័យថាម៉េចហ្នឹង ?
May 31, 2006
បើអ្នកធ្លាប់ចូលទៅមើលតំបន់បណ្ដាញ OpenOffice ប្រាកដជាបានឃើញរូបភាពខាងក្រោមមិនខាន ។ បើមើលឲ្យជាក់យើងច្បាស់ជាឃើញសម្បកស៊ុតនៅក្បែរបក្សីនោះមិនខាន ។ មើល៎ តើរូបភាពហ្នឹងចង់មានន័យថាម៉េចហ្នឹង ?

គួរបញ្ជាក់ផងដែរថា OpenOffice ក៏ជាកម្មវិធីការិយាល័យមួយដែរ គឺយើងអាចប្រើវាដើម្បីរៀបចំជាឯកសារ ឬ លិខិតស្នាមផ្សេងៗ, ធ្វើការគណនា និង គ្រប់គ្រងទិន្នន័យ, រចនាស្លាយ…។ លក្ខណៈពិសេសរបស់វាក្រៅពីមានចំណុចប្រទាក់ជាភាសាខ្មែរ គឺយើងអាចប្រើវាដោយ សេរី និង ឥតគិតថ្លៃ ។
ភ្នាក់ងារសម្ងាត់របស់ខ្ញុំ
May 29, 2006
រាល់ថ្ងៃហ្នឹង មានគាត់មួយទុកគ្រាន់តាមដាន និង រាយការណ៍សកម្មភាពផ្សេងៗនៅលើអ៊ីនធឺណិត ជាពិសេសនៅលើកំណត់ហេតុបណ្ដាញនានាតែម្ដង ។ ឲ្យតែមាននរណាហ៊ានកម្រើក ខ្ញុំនឹងដឹងភ្លាម ។
កុំឲ្យខាតពេលយូរ ឥឡូវសូមណែនាំតែម្ដងទៅ ៖

គាត់ហ្នឹងហើយ ភ្នាក់ងារសម្ងាត់របស់ខ្ញុំ ។ មើលតែរូបគាត់ដឹងហើយ បើមាននរណាប្រកាសអ្វីថ្មី ឬ បញ្ចេញមតិយោបល់អ្វីមួយ ល្បង aKregator ផ្ដល់សញ្ញាឲ្យខ្ញុំដឹងភ្លាម ។
តិចថាខ្ញុំអួត ខ្ញុំចង់តាមដាននរណាក៏បានដែរ ឲ្យតែមាន RSS ។
ជ័យយោ ជយោ !
May 23, 2006
ដើរហើយអ្នកទាំងអស់គ្នា ។ ខ្ញុំបានប្រើ PRE ជាមួយហ្នឹង 	 ។ គឺខ្ញុំសរសេរ ៖
PRE
ឃ្លាទី១	ឃ្លាទី២
ឃ្លាទី៣	ឃ្លាទី៤
/PRE
ខ្ញុំអត់ហ៊ានដាក់សញ្ញា នៅជុំវិញ PRE និង /PRE ឡើយ ព្រោះបើដាក់ វានឹងបម្លែងអាអត្ថបទហ្នឹងទៅជាមែនទែន ។ 	 ក៏អញ្ចឹងដែរ ខ្ញុំអត់ហ៊ានដាក់សញ្ញា ; នៅពីក្រោយឡើយ ។ តើមានអ្នកណាដឹងទេថា ដោះស្រាយបញ្ហាហ្នឹងយ៉ាងដូចម្ដេច ? ខ្ញុំពិតជាចង់ សរសេរកូដដើមណាស់ ព្រោះអ្នកផ្សេងដែលមិនសូវចេះ HTML អាចនឹងងាយយល់វា ជាពិសេសបងប្រុសម្នាក់ដែលខ្ញុំចង់ជួយ ។
ដួងច័ន្ទយប់មុនពេញបូណ៌មី វាយោរាត្រីរលឹកស្នេហ៍ ឥឡូវយប់នេះច័ន្ទប្រួលប្រែ រនោចខូចខែ…ព្យុះចិន្តា ។
នៅតែមិនដើរទៀត
May 23, 2006
យីស wordpress នេះ ! ចំជាអស្ចារ្យមែនតែម្ដង ។ អាឯង សរសេរ TABLE STYLE=”margin:0;padding:0;border:none;” ហើយហ្នឹង ចេះមកលុបឲ្យនៅសល់តែ TABLE ទទេ ។ មើលទៅបែបមិនអាចប្រើ TABLE បានទេ វណ្ណា, Singachea, Lucky boy អើយ ។
| ដួងច័ន្ទយប់មុនពេញបូណ៌មី | វាយោរាត្រីរលឹកស្នេហ៍ |
| ឥឡូវយប់នេះច័ន្ទប្រួលប្រែ | រនោចខូចខែ…ព្យុះចិន្តា ។ |
មើលទៅ ប្រហែលជាអាចសង្ឃឹមលើ PRE ។ ល្បង wordpress ហ្នឹង ប្រហែលជាចង់ឲ្យខ្ញុំបាយ បាយគាត់ហើយមើលទៅ ។ ស្អីក៏មិនអនុញ្ញាត ស្អីក៏កែមិនបាន ស្អីក៏បន្ថែមមិនបាន ។
មិនដឹងថាត្រូវធ្វើម៉េច ?
May 22, 2006
មានបងប្រុសម្នាក់គាត់រៀបចំជាអត្ថបទកំណាព្យនៅក្នុងកំណត់ហេតុរបស់គាត់ ។ ខ្ញុំបានចូលទៅមើល ហើយសង្កេតឃើញថា អត្ថបទកំណាព្យខ្លះហាក់ដូចជារៀបចំមិនសូវស្អាត គឺគាត់សរសេរមិនបានតម្រឹមត្រឹមត្រូវ (គាត់ប្រើដកឃ្លា) ។ ខ្ញុំបានស្នើសុំឲ្យគាត់តម្រឹមវាឲ្យបានស្អាត តែគាត់មិនដឹងថាត្រូវតម្រឹមយ៉ាងណា ។ គាត់សួរខ្ញុំ តែខ្ញុំក៏មិនសូវជាច្បាស់ប៉ុន្មានដែរ អារឿង HTML អីគេហ្នឹង ។ អ្វីដែលគាត់ចង់បានគឺ ធ្វើម៉េចតម្រឹមអត្ថបទឲ្យស្មើគ្នា គឺមើលទៅដូចអត្ថបទកំណាព្យនៅក្នុងសៀវភៅអញ្ចឹង ។
ខ្ញុំបានព្យាយាមប្រើ TABLE tag ដោយកំណត់ BORDER=0 CELLSPACING=0 CELLPADDING=0 តែអាតារាងហ្នឹងនៅតែបង្ហាញស៊ុមទៀត ហើយអត្ថបទទៀតសោតដូចជារាងឃ្លាតពីគ្នាបន្តិច ។ មើលទៅអត់ស្អាតសោះ ៖
| ដួងច័ន្ទយប់មុនពេញបូណ៌មី | វាយោរាត្រីរលឹកស្នេហ៍ |
| ឥឡូវយប់នេះច័ន្ទប្រួលប្រែ | រនោចខូចខែ…ព្យុះចិន្តា ។ |
ខ្ញុំគិតថា ចង់ប្រើ TAB វិញ ។ ខ្ញុំមិនដឹងថា អក្សរតំណាងរបស់ TAB គឺអ្វីឡើយ ។ បើដកឃ្លាខ្ញុំដឹង គឺ nbsp; (តាមពិតត្រូវមានសញ្ញា & នៅពីមុខទៀត តែបើខ្ញុំដាក់សញ្ញាហ្នឹង អ្នកទាំងអស់គ្នានឹងមើលឃើញតែដកឃ្លាប៉ុណ្ណោះ គឺអត់ឃើញអក្សរ nbsp ហ្នឹងឡើយ)
ខ្ញុំបានសាកប្រើ /t តែអត់កើតផង វាបង្ហាញទាំងដុលមកវិញ:-)
ដួងច័ន្ទយប់មុនពេញបូណ៌មី/t/tវាយោរាត្រីរលឹកស្នេហ៍
ឥឡូវយប់នេះច័ន្ទប្រួលប្រែ/t/tរនោចខូចខែ…ព្យុះចិន្តា ។
អូយ…មានអ្នកណាដឹងថាត្រូវធ្វើម៉េចទេ ?
បន្លំជាមួយក្មេងៗ
May 17, 2006
បានទៅចូលរួមកម្មវិធី Internet Party នឹងគេដែរ កាលពីថ្ងៃច័ន្ទ ។ ទោះបីជាទៅក្នុងនាមជាកន្លែងធ្វើការក៏ដោយ ក៏ឆ្លៀតបន្លំទាក់ទងក្មេងៗដែរ ។
បើពិនិត្យជារួមកម្មវិធីគេហ្នឹងល្អគួរសម គឺល្អជាងពិព័រណ៍ ICT Expo ទៅទៀត ។ កម្មវិធីហ្នឹងគេផ្ដោតសំខាន់លើអ៊ីនធឺណិត និង ការជជែកកំសាន្តតាមអ៊ីនធឺណិត ។ អ្នកចូលរួមភាគច្រើនគឺជាយុវវ័យ ដែលជាតារាជជែកកំសាន្តនៅក្នុងឆានែល #cambodia ។ និយាយទៅពិធីហ្នឹងដូចជាកន្លែងសម្រាប់មនុស្សទាំងអស់នោះណាត់ជួបគ្នាអញ្ចឹង ។

ទិដ្ឋភាពការតាំងពិព័រណ៍

ស្រីស្អាតបង្ហាញម៉ូត

បើចង់ទាក់ទងគ្នា សូមមើលក្រដាសហ្នឹងទៅ សុទ្ធតែអ៊ីមែល និង តំបន់បណ្ដាញ
ជឿទេថា ខ្ញុំបានការងារធ្វើដោយសារវា ?
May 11, 2006

កាបូប នេះគឺជាអំណោយរបស់ពូខ្ញុំ ។ ខ្ញុំនៅចាំបានថា ប្រហែលជា ២ ឆ្នាំមុន ពូខ្ញុំបានជូនកាបូបនេះដល់ខ្ញុំ ។ ក្រោយពីអរគុណ ហើយទទួលវាទុករួច ខ្ញុំអត់មានចាប់អារម្មណ៍អ្វីទាំងអស់ គឺគិតតែពីកាយញ៉ុក កាយញ៉ុក (ពេលនោះជាពេលបាយល្ងាច) ។ មួយសន្ទុះក្រោយមក ស្រាប់តែគាត់និយាយថា “ឥឡូវ មានកាបូបដាក់លុយហើយ រកលុយដាក់បានទេមើលទៅ” ។ គ្រាន់តែឮភ្លាម អារម្មណ៍ចម្លែកមួយបានលេចឡើងនៅខ្ញុំចិត្តខ្ញុំ ។ ពិតមែនហើយ កាលហ្នឹងខ្ញុំនៅរៀនឆ្នាំទី ៤ នៅឡើយ ហើយដោយសារតែមិនសូវជាមានបទពិសោធន៍អីឲ្យធំដុំ ដូច្នេះបានជាខ្ញុំមិនដែលគិតថាចង់ដាក់ពាក្យធ្វើការអ្វីឡើយ ។
ប៉ុន្មាន ថ្ងៃក្រោយមក ខ្ញុំឃើញគេផ្សាយដំណឹងរើសបុគ្គលិកនៅលើទំព័រកាសែត គឺគម្រោងខ្មែរអូអេសត្រូវការអ្នកបកប្រែកម្មវិធីកុំព្យូទ័រចំនួន ៤ នាក់ ។ គ្រាន់តែឃើញភ្លាម ពេញចិត្តភ្លែត ហើយក៏សម្រេចដាក់ពាក្យទៅ ។ បើនិយាយពីការដាក់ពាក្យវិញ សូន្យតែម្ដង ព្រោះវាជាលើកទីមួយរបស់ខ្ញុំហើយ ។ តែដោយសារតែការខិតខំព្យាយាម និង មានការជួយជ្រោមជ្រែងពីមិត្តភក្តិ ទីបំផុតខ្ញុំក៏ត្រូវបានគេជ្រើសចូលធ្វើការងារនោះទៅ ។
គិត ទៅចាស់ៗ គាត់ធ្វើអ្វីមានអត្ថន័យល្អណាស់ យើងពិបាកនឹងទាយដឹងណាស់ ។ តែរាល់ថ្ងៃហ្នឹង ខ្ញុំកំពុងតែភ័យ ខ្លាចគាត់លេងអាស្ទីលហ្នឹងទៀត ។ នរណាទៅដឹងទៅ ថាពេលដែលគាត់ចង់ឲ្យខ្ញុំរកប្រពន្ធ គាត់នឹងធ្វើអ្វី !
មួយណាឆ្ងាញ់ជាង ?
May 9, 2006

ប៉ិបស៊ីជារបស់ខ្ញុំ ឯកូកាកូឡាវិញជារបស់មិត្តភក្តិខ្ញុំគឺ វីរៈ ។ ខ្ញុំចូលចិត្តប៉ិបស៊ីជាង ជាពិសេសអារសជាតិក្រូចឆ្មា ។ រាល់ថ្ងៃសឹងតែធ្លាប់ខ្លួនទៅហើយ បើមិនបានប៉ិបស៊ីមួយកំប៉ុងទេ ដូចជារសាប់រសល់ម៉េចមិនដឹងទេ ។
អូ…និយាយអញ្ចឹងភ្លេចអរគុណវីរៈ ដែលឲ្យខ្ញុំខ្ចីអាអុកស៊ីសែនរបស់គាត់ថតរូបយ៉ាងសង្ហានេះ ។
ស៊ូម៉ាឃើឈ្នះទៀត !
May 8, 2006
ម្សិលម៉ិញ ស៊ូម៉ាឃើ រកបាន ១០ ពិន្ទុ ហើយមិត្តរួមក្រុមរបស់គាត់ ហ្វ៊ីលីព ម៉ាសា ក៏រកបាន ៦ ពិន្ទុដែរសម្រាប់ក្រុមហ្វ៊ើរ៉ារ៉ី ។ ចាប់ផ្ដើមពីដំបូង អាឡុងសូនៅមុខគេ ស៊ូម៉ាឃើនៅទី២ ម៉ាសានៅទី៣ ។ ពួកគាត់តាមគ្នាកិតៗរហូត តែវ៉ាគ្នាអត់បានឡើយ ។ ក្រោយពីប្រណាំងបានប្រហែល ១៥ជុំ អាឡុងសូគាត់ចូលចាក់សាំងមុន ពេលនោះស៊ូម៉ាឃើក៏នៅមុខគេម្ដង តែនៅជុំបន្ទាប់ស៊ូម៉ាឃើចូលចាក់សាំងវិញ ហើយពេលចេញពីចាក់សាំងគាត់នៅក្រោយអាឡុងសូដដែល ។ និយាយទៅ ឃ្លាតពីគ្នាមិនដល់ ២វិនាទីផង ។ តែអភិនីហារពិតជាមានមែននៅពេលចាក់សាំងលើកទី២ ។ អាឡុងសូគាត់ចូលចាក់មុនទៀត ដោយចំណាយពេលអស់ប្រហែល ៨,៨ វិ. ប្រហែលជាបួនប្រាំជុំក្រោយ ស៊ូម៉ាឃើគាត់ចូលចាក់ដែរ ។ ខ្ញុំឃើញក្រុមអ្នកចាក់សាំង និង ប្ដូរកង់របស់គាត់ ប្រុងប្រៀបយ៉ាងប្រុងប្រយ័ត្នបំផុត ព្រោះនេះជាចំណុចស្លាប់រស់ ។ ពិតជាគួរឲ្យស្ញើចមែន គាត់ចំណាយពេលតែ ៦,៨ វិ. ប៉ុណ្ណោះ ។ ពេលចេញមកវិញ នៅមុខអាឡុងសូយ៉ាងរំភើយ ។ ទោះជាខំតាមយ៉ាងណា ក៏អាឡុងសូធ្វើអ្វីមិនកើតដែរ រហូតដល់ទីព្រ័ត្របានត្រឹមតែលេខ២ប៉ុណ្នោះ ។ ឯម៉ាសាបានលេខ៣ ។ ចំពោះការប្រណាំងលើកនេះ ដោយសារតែផ្លូវមានលក្ខណៈបត់បែន និង ស្មុគ្រស្មាញច្រើន រថយន្តចំនួន ៩ បានបោះបង់ការប្រកួត ដែលទុកលទ្ធភាពដល់នាយចក់នាយចែមខ្លះដែលប្រណាំងមិនសូវដែលបានពិន្ទុដុំកំភួនអីនោះ រកបានត្រឹមលេខ ៧, ៨ គិតជាពិន្ទុវិញគឺ ២,១ ។
លើកនេះចាត់ទុកជាជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ក្រុមហ្វ៊ើរ៉ារ៉ី ចំណែកឯអ្នកគាំទ្រស៊ូម៉ាឃើវិញ គាត់ចាត់ទុកថា ស៊ូម៉ាឃើកាលពី ៧ ឆ្នាំមុនបានត្រឡប់មកវិញហើយ !
ដូចជារាងនឹកមេរោគ !
May 6, 2006

អស់រយៈពេលជាង ១ ឆ្នាំហើយ ដែលខ្ញុំបានប្ដូរមកប្រើប្រព័ន្ធប្រតិបត្តិការស៊ូស៊ីលីនុច ។ ពីដំបូងដូចជារាងពិបាកបន្តិចដែរ តែយូរៗទៅមានអីស៊ាំឯង ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺមិនត្រឹមតែចំណុចប្រទាក់ស្ទើរតែទាំងអស់ជាភាសាខ្មែរដែលជាភាសាកំណើតរបស់ខ្ញុំប៉ុណ្ណោះទេ បញ្ហាសុវត្ថិភាពក៏មានលក្ខណៈពិសេសដែរ ។ ខ្ញុំមិនដែលខ្វល់ខ្វាយពីមេរោគអ្វីឡើយ ខ្ញុំគិតតែធ្វើការងាររបស់ខ្ញុំប៉ុណ្ណោះ ។
និយាយពីកាលពីប្រើវ៉ីនដូវិញ អូ…គ្រាន់តែចូលដល់ភ្លាម លោកបង McAFee គាត់ចាប់ផ្ដើមទាញយកភាពទាន់សម័យរបស់គាត់ពីអ៊ីនធឺណិតភ្លាម ។ បើនៅផ្ទះវិញ ខ្ញុំអត់មានអ៊ីនធឺណិតប្រើឡើយ ដូច្នេះមានតែទ្រាំប្រើអាហួសសម័យហ្នឹងទៅ ។ ចាប់បាន ឬ មិនបានមិនដឹងទេ ។ ហើយបើនិយាយពីការចម្លងឯកសារវិញ មិនបាច់និយាយទេ ម្ដងៗបន់សុំកុំឲ្យតែមានមេរោគមកជាមួយ ជាពិសេសអាឯកសារដែលយកមកពីអ៊ីនធឺណិតហ្នឹងតែម្ដង ។ បើលោកបង McAFee គាត់ខ្លាំងមិនអីទេ ចាប់បាន តែបើខ្សោយវិញ ហេះ…ហេះ…បើស្រាលខូចឯកសារបើកលែងកើត តែបើធ្ងន់វិញ មានតែស្រវ៉េស្រវ៉ាបញ្ចូលស៊ីឌីរួចដំឡើងវ៉ីនដូឡើងវិញប៉ុណ្ណោះ ។
តែនិយាយលេងសើចអី ឥឡូវដូចជារាងនឹករលឹកមេរោគគួរសមដែរ !
