

ប្រធានក្រុមហង្សក្រហមលីវើភូល អាយុ ២៥ ឆ្នាំ ស្តេវិន ជេរ៉ាត បានជាប់ជាកីឡាករលេងល្អប្រចាំឆ្នាំ ២០០៦ របស់សមាគមន៍កីឡាករអាជីព (Professional Footballers’ Association) ខណៈដែលកីឡាករខ្សែប្រយុទ្ធអាយុ ២០ ឆ្នាំរបស់ក្លឹបបីសាចក្រហមមេនញូ វេន រូនី ជាប់ជាកីឡាករវ័យក្មេងលេងល្អប្រចាំឆ្នាំផងដែរ ។ គួរបញ្ជាក់ផងដែរថា កីឡាករទាំងពីររូបនេះ បានកក់កៅអីជម្រើសជាតិអង់គ្លេសរួចហើយ ដើម្បីទៅលេងពានរង្វាន់ពិភពលោកនៅប្រទេសអាល្លឺម៉ង់ខែក្រោយនេះ ។
ប្រវត្តិជ័យលាភីកីឡាករលេងល្អរបស់ភីអេហ្វអេ ៖
- ១៩៩៦ ៖ លេស ហ្វើឌីណាន់ (ញូខាស្សល)
- ១៩៩៧ ៖ អាឡាំង សៀរ័រ (ញូខាស្សល)
- ១៩៩៨ ៖ ដេនីស បេកខាំ (អាសេណល)
- ១៩៩៩ ៖ ដេវីដ ជីណូឡា (ថត់ថន់ហេម)
- ២០០០ ៖ រ៉យ ឃីន (មេនញូ)
- ២០០១ ៖ ធេឌី សេរីងហេម (មេនញូ)
- ២០០២ ៖ រូដ វ៉ាន់នីស្តេលរ៉យ (មេនញូ)
- ២០០៣ ៖ ធៀរី ហង់រី (អាសេណល)
- ២០០៤ ៖ ធៀរី ហង់រី (អាសេណល)
- ២០០៥ ៖ ចន ធេរី (ឆេលស៊ី)
ប្រវត្តិជ័យលាភីកីឡាករវ័យក្មេងលេងល្អរបស់ភីអេហ្វអេ ៖
- ១៩៩៦ ៖ រូប៊ី ហ្វាវល័រ (លីវើភូល)
- ១៩៩៧ ៖ ដេវីដ បេកខេម (មេនញូ)
- ១៩៩៨ ៖ ម៉ៃឃើល អូវិន (លីវើភូល)
- ១៩៩៩ ៖ នីកូឡាស់ អានែលកា (អាសេណល)
- ២០០០ ៖ ហារី ឃ្យួល (លីដ)
- ២០០១ ៖ ស្តេវិន ជេរ៉ាត (លីវើភូល)
- ២០០២ ៖ ក្រេក បេឡាមី (ញូខាស្សល)
- ២០០៣ ៖ ជើមេន ជីណាស (ញូខាស្សល)
- ២០០៤ ៖ ស្កុត ប៉ាកគឺរ (ឆេលស៊ី)
- ២០០៥ ៖ វេន រ៉ូនី (មេនញូ)
នេះបានសមជាស៊ូម៉ាឃើ
April 25, 2006

(ស៊ូម៉ាឃើគាត់ត្រេកអរពេក លោតសឹងរបូតខោ)
នរណាថាអាឡុងសូខ្លាំង ? តាមពិតស៊ូម៉ាឃើគាត់មិនទាន់បញ្ចេញអស់ស្នៀតផងហ្នឹង ។ ឥឡូវពេលគាត់បញ្ចេញអស់ទៅ មានអីឈ្នះដែរតើ ម្សិលម្ង៉ៃនៅទីលានសាន់ម៉ារីណូ ! តែនិយាយលេងសើចអី គាត់ក៏លស់ព្រលឹងដោយសារអាឡុងសូមិនស្ទើរដែរ ។ និយាយមិនឲ្យបះសក់ម្ដេចហ្នឹងកើត បើអាឡុងសូតាមស្អិតពីក្រោយរហូត សឹងតែចាប់តាំងពីដើមទី ពេលខ្លះសឹងតែវ៉ាបានទៀតផង ។ ចាប់ពីជុំទី ២០ ជាងមក (ទាំងអស់ ៦២ ជុំ) ឡានអាឡុងសូនៅជាប់កន្ទុយឡានស៊ូម៉ាឃើរហូត បើនិយាយទៅគឺឃ្លាតគ្នាមិនលើសពី ២ វិនាទីផង តែមិនមែនចេះតែភ័យស្លន់ស្លោឯណា ស៊ូម៉ាឃើគាត់ប្រមូលអារម្មណ៍ក្នុងការបើកបរបានយ៉ាងល្អ បិទមិនឲ្យអាឡុងសូវ៉ាបានឡើយ ។ បើអាឡុងសូវិញ ពេលខ្លះដូចជាឆេវឆាវបន្តិច ពិសេសអាពេលនៅសល់បួនដប់ជុំចុងក្រោយ ។ គាត់សុតយកម៉ាអស់ដៃ រហូតដល់ចំណុចខ្លះ វេចង្កូតសឹងតែគ្រប់គ្រងមិនបាន ។ ទីបំផុត ស៊ូម៉ាឃើមកដល់ទីព្រ័ត្រដោយជោគជ័យ គឺមុនអាឡុងសូតែប្រហែល ២ វិនាទីប៉ុណ្ណោះ ។ ឯម៉ុងតូយ៉ាបានលេខ ៣, ម៉ាសា លេខ ៤, រ៉ៃកូណិន លេខ ៥ ។ គ្រាន់តែមកដល់ទីភ្លាម ទស្សនីកជនជាច្រើននាំគ្នាអបអរសាទរស៊ូម៉ាឃើ ខ្លះចូលមកក្នុងទីលានប្រណាំងហើយគ្រវីទង់យ៉ាងសង្ហា ដែលខុសពីពេលមុនៗដែលអាឡុងសូឈ្នះ ។ សូម្បីតែខ្ញុំ ក៏លោតហើបគូថផុតពីកៅអីសឹងតែកន្លះម៉ែត្រដែរ ពេលឃើញគាត់ដល់ទី ។
សរុបពិន្ទុអ្នកបើកបរ ៖
- អាឡុងសូ ៖ ៣៦
- ស៊ូម៉ាឃើ ៖ ២១
- រ៉ៃកូណិន ៖ ១៨
ឯពិន្ទុក្រុមវិញ ៖
- រ៉េណូល ៖ ៥១
- ម៉ាកក្លារ៉ិន ៖ ៣៣
- ហ្វ៊ើរ៉ារី ៖ ៣០
ហួន សុបិន – មោទនភាពរបស់ខ្មែរ
April 21, 2006

(មិនបាច់ប្រាប់ទេ ខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងអាចទាយថាមួយណាជានាង)
ហួន សុបិនមានម្ដាយជាជនជាតិកម្ពុជា ។ ឆ្នាំនេះនាងមានអាយុ ២៣ ឆ្នាំហើយ ។ នាងបានជាប់ជាបវរកញ្ញាប្រចាំរដ្ឋយូថា សហរដ្ឋអាមេរិក នៅខែ វិច្ឆិកា ២០០៥ ។ ថ្ងៃនេះ នាងនឹងចូលរួមប្រឡងប្រជែងយកតំណែងបវរកញ្ញាប្រចាំសហរដ្ឋអាមេរិក ដែលក្នុងនោះមានបវរកញ្ញាចំនួន ៥១ រូបចូលរួមផងដែរ ។ នេះគឺជាមោទនភាពបំផុតរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមប្រឡូកក្នុងវិស័យសិល្បៈជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ។ អ្នកណាទៅមើលឃើញ ថាថ្ងៃក្រោយខ្មែរមានអ្វីទៀតទៅប្រកួតនឹងគេ !
ប្រវត្តិរូបសង្ខេប
- ឈ្មោះពីកំណើត ៖ ហួន សុបិន
- ទីកន្លែងកំណើត ៖ ដាឡាស់ តិចសាស់
- ថ្ងៃកំណើត ៖ ២៦ កុម្ភៈ ១៩៨៣
- ទីលំនៅបច្ចុប្បន្ន ៖ ប្រ៉ាវ៉ូ រដ្ឋយូថា
- អាជីព ៖ និស្សិតរៀននៅសាកលវិទ្យាល័យ Brigham Young ខាងផ្នែកវិទ្យាសាស្ត្រនយោបាយ
- ឪពុកឈ្មោះ ៖ Matthew
- ម្ដាយឈ្មោះ ៖ ហួន សម្បត្តិ
មនុស្សពីងពាងវគ្គ ៣
April 19, 2006

ត្រូវបានគេចាប់ផ្ដើមថតនៅខែ កញ្ញា ឆ្នាំ ២០០៥ ។ តួឯកប្រុសស្រីគឺនៅដដែលគឺ Tobey Maguire និង Kirsten Dunst ។ បើតាមការប៉ាន់ស្មាន រឿងនេះអាចនឹងចំណាយថវិកាអស់ ២៥០ លានដុល្លារ គឺបំបែកឯកទត្តកម្មរឿង “គីង កុង” ដែលចំណាយថវិកាថតអស់ត្រឹមតែ ២០៧ លានដុល្លារប៉ុណ្ណោះ ។
នៅវគ្គនេះ មនុស្សពីងពាងនឹងប្រឈមមុខជាមួយនឹងសត្រូវលំបាកជាងមុនពីរដង គឺអាចជាមនុស្សពិស និង មនុស្សពង្វក់ស្មារតី ហើយក៏មានលេចចេញនូវតួស្រីថ្មីដ៏សែនស្រស់ស្អាតម្នាក់ទៀតផងដែរ ដោយមិនដឹងថា តួស្រីនេះអាចនឹងធ្វើឲ្យ Peter Paker ឈ្លក់វង្វេងឬក៏អត់នោះទេ ។ បើចង់ជ្រាបច្បាស់សូមរង់ចាំទស្សនាទាំងអស់គ្នា :-)
- និពន្ធដោយ ៖ Sam Raimi
- សម្ដែងដោយ ៖ Tobey Maguire, Kirsten Dunst, Topher Grace, James Franco, Thomas Haden Church, Bryce Dallas Howard, Elizabeth Banks, J.K. Simmons, Theresa Russell, Simon Whitehouse
- ចែកចាយដោយ ៖ Columbia Pictures (Sony)
- គ្រោងដាក់បញ្ចាំង ៖ ៤ ឧសភា ២០០៧
- ចំណាយអស់ថវិកា ៖ ២៥០ លានដុល្លារ
សូមជូនពរឆ្នាំថ្មី
April 17, 2006

នៅក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំច អដ្ឋស័ក ព.ស ២៥៥០ នេះ ខ្ញុំសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងទេវតាថ្នាំថ្មីប្រោសប្រទានពរជ័យ សេរីមង្គលជូនដល់បងប្អូនខ្មែរទាំងអស់ ឲ្យទទួលបាននូវសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសុភមង្គល ជាពិសេសសូមឲ្យទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បីសាចក្រហមមែនញូ ចុះកុងត្រាថ្មីថ្លៃកប់ពពក
April 8, 2006

(កីឡាករខ្សែបម្រើស្លាបឆ្វេងកូរ៉េ ប៉ាក ជីស៊ុង និង កំពូលខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស វេន រូនី ខណៈពេលលអាវថ្មី)
ក្រុមមែនឆេស្ទ័រយូណាយធីត ទើបតែបានចុះកុងត្រាផ្សាយពាណិជ្ជកម្មលើអាវកីឡាករ រយៈពេល ៤ ឆ្នាំជាមួយក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិកគឺក្រុមហ៊ុនអ៉េអ៉ាយជី ក្នុងតម្លៃខ្ពស់កប់ពពក ៥៦,៦លានផោនក្នុងរយៈពេល ៤ ឆ្នាំ ។ ក្លឹបនេះបានបំបែកឯកត្តកម្មរបស់ក្លឹបតោខៀវឆេលស៊ីដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទូរសព្ទដៃសាំសុងរបស់កូរ៉េកាលពីឆ្នាំមុន ដែលមានតម្លៃ ៥០លានផោនក្នុងរយៈពេល ៥ ឆ្នាំ ។ ក្រុមហ៊ុនឧបត្ថម្ភចាស់របស់ក្លឹបមេនញូគឺក្រុមហ៊ុន វ៉ាដាហ្វូន បានសម្រេចបញ្ចប់កិច្ចសន្យាដែលមានតម្លៃតែ ៩លានផោន/ឆ្នាំ ហើយមានគម្រោងងាកទៅឧបត្ថម្ភខាងផ្នែកពានរង្វាន់នៅអឺរ៉ុបវិញ ដែលភាសាកីឡាគេហៅថា ឆាមពានលីក ។ អ្នកដែលបានមើលឆាមពានលីកឆ្នាំនេះ ប្រាកដជាដឹងហើយថា ក្រុមហ៊ុនឧបត្ថម្ភពានរង្វាន់នេះមាន ហែននីគែន និង ម៉ាស្ទ័រកាត ។
អ្នកវិភាគបាននិយាយថា ប្រាក់ដែលបានពីកិច្ចសន្យានេះ អាចនឹងត្រូវបានក្លឹបយកទៅចំណាយទិញកីឡាករល្អៗបន្ថែម ប៉ុន្តែលោកស៊ឺរ អាឡិចហ្វ៊ឺហ្គូសុន កំពូលអ្នកចាត់ការក្លឹបបីសាចក្រហមបានបង្ហើបឲ្យដឹងថា ទោះពេលនេះយើងសម្បូរប្រាក់ក៏ដោយ ក៏យើងនៅតែចាយវាយត្បិតត្បៀតដូចមុនដដែល ។
យ៉ាម៉ាហាមីអូ លុកលុយនៅស្រុកខ្មែរ
April 4, 2006

ជាមួយនឹងរូបរាងយ៉ាងសង្ហា និង ល្បឿនដ៏លឿន យ៉ាម៉ាហាមីអូបាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍អតិថិជនយ៉ាងច្រើននៅស្រុកខ្មែរ ជាពិសេសគឺយុវវ័យដែលរៀននៅត្រឹមវិទ្យាល័យចុះក្រោម ។ បើនិយាយពីស្រីៗក្មេងៗវិញ ចូលចិត្តណាស់…ម៉ូតូហ្នឹង ។ និយាយមិនចូលចិត្តម្ដេចហ្នឹងបាន បើពេលជិះម៉ូតូហ្នឹងកាលណា ប្រុសៗមើលឡើងភ្លឹករហូតដល់ភ្លេចដកដង្ហើមទៀតផង ។ តែទោះជាយ៉ាងណា ចាស់ៗគាត់មិនសូវជាចូលចិត្តម៉ូតូប្រភេទនេះប៉ុន្មានឡើយ ព្រោះគាត់យល់ថាមិនសូវសមរម្យ ជាពិសេសសម្រាប់កូនស្រី ។
ម៉ូតូនេះក៏មានតម្លៃមិនថោកប៉ុន្មានដែរគឺប្រហែលជាជាង ១ពាន់ដុល្លារឯណោះ ហើយស៊ីសាំងទៀតផង ។

(រូបភាពផ្សេងទៀត)
ពិតជាគួរឲ្យសោកស្ដាយណាស់ ការប្រណាំងបានឈានដល់ជុំទី៣០ ទៅហើយ (ទាំងអស់ ៥៧ជុំ) ហើយខណៈដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ស្រាប់តែគាត់បានជ្រុលចង្កូតទៅបុកជញ្ជាំងនៅខាងឆ្វេងដៃយ៉ាងពេញទំហឹង ។ ត្រង់នោះគឺជាចំណុចកោងខ្លាំងបំផុត ហើយមុនទៅដល់ចំណុចនោះ ខ្ញុំឃើញគាត់បើកលឿនមែនទែន ខ្ញុំគិតថាគាត់មិនសូវបង្អន់ប៉ុន្មានទេ ទើបធ្វើឲ្យឡានរបស់គាត់បើកជ្រុលឡើងលើស្មៅ តែពេលនោះគាត់ក៏ព្យាយាមបួងចង្កូតមកស្ដាំឡើងលើផ្លូវវិញណាស់ដែរ ប៉ុន្តែយឺតពេលទៅហើយ កង់ខាងមុខបានទាញរថយន្តរបស់គាត់ទៅឆ្វេងបោកនឹងជញ្ជាំងខ្ទេចមួយចំហៀងឡានខាងឆ្វេង ប៉ើងស្មៅហុយដីត្រលោម ។ បើមិនមានគ្រោះថ្នាក់អីវិញ ខ្ញុំជឿថាគាត់អាចនឹងបានលេខ៣ ឬ ៤ ។ មិនអាចបានលេខ១, ២ បានទេ ព្រោះនៅមុខគេគឺកំពូលអ្នកបើកវ័យក្មេងសញ្ជាតិអេស្ប៉ាញអាយុ ២៣ ឆ្នាំ អាឡុងសូ និង អ្នកបើកបរចិត្តឆៅសញ្ជាតិហ្វាំងឡង់ រ៉ៃកូណិន ។ មិនត្រឹមតែស៊ូម៉ាឃើទេ ដែលមានឧប្បទ្ទេវហេតុ មិត្តរួមក្រុមរបស់គាត់ ហ្វ៊ីលីព ម៉ាសា ក៏ជួបហេតុការណ៍នេះដែរ ដូច្នេះសម្រាប់ទីលានមែលប៊ន អូស្ត្រាលីនេះ ក្រុមហ្វ៊ើរ៉ារីទទួលបានពងមាន់ទៅផ្ទះ ។ ជាលទ្ធផល អាឡុងសូបានលេខ១ រ៉ៃកូណិនលេខ២ រ៉ាហ្វស៊ូម៉ាឃើ ដែលជាប្អូនប្រុសបង្កើតរបស់ម៉ៃឃើលស៊ូម៉ាឃើ បើកឲ្យក្រុមតូយ៉ូតា ប៉ាណាសូនីក ជាប់ចំណាត់ថ្នាក់លេខ៣ ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ នៅសល់តែប្រហែលជា ១០ម៉ែត្រទៀតប៉ុណ្ណោះដល់ទី រថយន្តក្រុមហុងដារបស់ ជែនសិន ប៊ូតុង បានឆេះគូដហុយផ្សែងឡប់ ធ្វើឲ្យហ្វ៊ីស៊ីឆេឡា (មិត្តរួមក្រុមអាឡុងសូ) ឆក់យកតំណែងលេខ៥ ទៅបាត់ ។
សឺដេស ២០០៧ មានលក់នៅស្រុកខ្មែរហើយ…
April 1, 2006

ទើបតែឃើញគេផ្សាយពាណិជ្ជកម្មនៅក្នុងសារព័ត៌មានថា Mercedes ២០០៧ មានលក់ហើយនៅស្រុកខ្មែរ ។ តម្លៃប្រហែលជាជាង ១០ម៉ឺនដុល្លារ ។ គ្រាន់តែឃើញភ្លាម លេបទឹកមាត់ក្អឺកតែម្ដង គិតថានឹងទៅលក់ជ្រូក គោ មាន់ ទា និង ដីស្រែទាំងប៉ុន្មាននៅស្រុក ដើម្បីទិញជិះមួយគ្រឿង តែដឹងអីពេលមើលក្នុងអត្ថបទពាណិជ្ជកម្ម ពុទ្ធោ !!! គេលក់ឲ្យតែឯកឧត្ដម លោកជំទាវប៉ុណ្ណោះ ។ រាស្ត្រសាមញ្ញគេឥតលក់ឲ្យឡើយ ។
ហ៊ឺ… យ៉ាប់មែនទែន អាមានលុយហើយហ្នឹង នៅទិញមិនបានទៀត !
