ប្ដូរស្បែកថ្មី
March 31, 2006
ដោយសារតែមានបញ្ហាបន្តិចបន្តួចជាមួយនឹងស្បែកបច្ចុប្បន្ន ខ្ញុំបានផ្លាស់ប្ដូរស្បែកថ្មីសម្រាប់កំណត់ហេតុខ្ញុំហើយ ។ អាថ្មីរាងច្បាស់ជាង ហើយមើលទៅឥតដាច់ដៃដាច់ជើងទៀត ។
អូផេនសស គួរតែឈប់ពាក់ស្បែកជើងផ្ទាត់…
March 31, 2006
មានអ្នកល្បីៗមួយចំនួនបានផ្ដល់ដំបូន្មានដល់ក្រុម អូផេនសស ថាគួរតែរៀនតុបតែងខ្លួនឲ្យបានសមរម្យបន្តិច បើចង់ឲ្យវិស័យរបស់ខ្លួនកាន់តែរីកចម្រើន ។ កុំស្រឡាញ់អាស្បែកជើងផ្ទាត់ សក់វែង ពុកមាត់ហៀរចង្ការហ្នឹងពេក ។
រីឯខ្ញុំវិញក៏ធ្លាប់ជួបលោក រីឆាត ស្តលមេន ម្ដងដែរកាលពីឆ្នាំមុន គឺក្នុងឱកាសកិច្ចប្រជុំ FOSSAP (Free and Open Source Software Asia-Pacific) លើកទី២ នៅក្រុងសៀមរាប ។ អូ… បើនិយាយពីអស់លោកធំៗវិញ ស្លៀកសុទ្ធតែអាវធំ ក្រវ៉ាត់ក ស្បែកជើងខ្វៀខាត់សារ៉ារលោងសឹងតែឆ្លុះមុខបាន សក់វិញលាបសុទ្ធតែចាហ៊ួយសើមជោគ ។ ស្រាប់តែនរណាមិនបះសក់ តួឯក ស្តលមេន ចេញមកដល់ ពាក់ស្បែកជើងផ្ទាត់ដែលសណ្ឋាគារទុកឲ្យចូលបន្ទប់ទឹកធ្វើមិនដឹង ។ ទម្លាក់សក់យ៉ាងរំភើយប្រ៉ះស្មា ខ្ញុំឃើញមួយភ្លែតស្មានតែភ្លេចលុបមុខសិតសក់ ។
ម៉ៃឃើល ស៊ូម៉ាឃើ ! អាចទៅរួចទេមើលទៅ !
March 30, 2006

បើរាប់ចាប់ពីឆ្នាំ ២០០៤ ទៅក្រោយវិញ មិនបាច់និយាយទេ គឺគាត់ម៉ៅដាច់ ៧ ឆ្នាំអាជើងឯក Formula1 ស្អីគេហ្នឹង ។ តែសុំទោសចុះ ឆ្នាំ ២០០៥ អាឡុងសូ សូមម្ដងហើយ ។ ខ្ញុំនៅចាំបានថា ឆ្នាំ ២០០៥ ហ្វើណាន់ដូ អាឡុងសូ ជាប់លេខ១ មាន ១៣៣ពិន្ទុ ។ លេខ២ បានទៅលើ គីមី រ៉ៃកូណិន មាន ១១២ពិន្ទុ ។ ឯលោកបងស៊ូម៉ាឃើ បានលេខ៣ មាន ៦២ពិន្ទុ ។
សម្រាប់ឆ្នាំ ២០០៦ វិញ F1 ប្រណាំងបានពីរទីលានហើយគឺបារ៉ែន និង ម៉ាឡេស៊ី ។ នៅបារ៉ែន អាឡុងសូ ជាប់លេខ១ ស៊ូម៉ាឃើ ជាប់លេខ២ ហើយរ៉ៃកូណិន ជាប់លេខ៣ ។ នៅម៉ាឡេវិញ អាឡុងសូ ជាប់លេខ១ទៀត ខណៈដែលស៊ូម៉ាឃើជាប់លេខ៦ ឯណោះ ។ ចាំមើលមើ ថ្ងៃអាទិត្យទី២ មេសាហ្នឹង នរណាខ្លាំងនៅអូស្ត្រាលី ។ បន្តផ្ទាល់ប៉ុស្តិ៍ Starsport ម៉ោង ១២ ថ្ងៃត្រង់ (ម៉ោងនៅភ្នំពេញ) ។
ទៅនៅលើជញ្ជាំងធ្វើមិនដឹង
March 29, 2006


ប្រហែលជាឆ្ងល់ហើយថា អាហ្នឹងស្អីគេ ? អាពួកហ្នឹងសុទ្ធតែជាកម្មវិធីកុំព្យូទ័រភាសាខ្មែរទាំងអស់ ។ ស្លឹករឹត គឺជាកម្មវិធីដែលប្រើសម្រាប់វាយអត្ថបទ ។ ឈ្មោះដើមជាភាសាអង់គ្លេសរបស់វាគឺ OpenOffice Writer ។ មេខលា វិញគឺជាកម្មវិធីសម្រាប់បើកអ៊ីនធឺណិត ។ គេបកប្រែវាពី Mozilla Firefox ។
ដំឡើងរួចហើយ
March 25, 2006
ទើបតែបានដំឡើងស៊ូស៊ីលីនុច ១០.១ បេតា៨ រួច ហើយក៏ឆ្លៀតបង្កើតរូបភាពខ្លះ ៖
- ផ្ទាំងជ្រើសភាសា…

- បន្ទាប់ពីជ្រើសភាសារួច ។ ចន្លោះមិនឃើញនៅបង្ហាញជ្រុងៗនៅឡើយ (ទោះកំពុងប្រើពុម្ពអក្សរ Khmer OS System ក៏ដោយ) ។ កំហុសនេះនឹងបំបាត់នៅក្នុងកំណែ ១០.២…

- ឡូយដែរតើ ជ្រើសភ្នំពេញស្វ័យប្រវត្តិតែម្ដង…

- បន្ទាប់ពីចាប់ផ្ដើមកុំព្យូទ័រឡើងវិញ (បញ្ចប់ស៊ីឌីទី១) កម្មវិធីដំឡើងមិនជ្រើសពុម្ពអក្សរ Khmer OS System ឡើយ…(យើងនឹងរាយការណ៍កំហុសនេះទៅស៊ូស៊ី)

- បញ្ចប់ស៊ីឌីទី៤ ហើយបន្ទាប់ពីចំណាយពេលអស់ជាងមួយម៉ោង…ហើយក៏រួចរាល់ហើយដែរ ។ មើលលោកខ្មែរដល់ណាហើយ !

អ្វីដែលយើងទទួលបានក្រោយពេលដំឡើងគឺ ៖
– KDE ជាភាសាខ្មែរ
– ពុម្ពអក្សរយូនីកូដខ្មែរដំឡើងរួចស្រេច (តែមិនទាន់ជ្រើស Khmer OS System ជាលំនាំដើម)
– ក្ដារចុចយូនីកូដខ្មែរដំឡើងរួចស្រេច (តែមិនទាន់ធ្វើឲ្យប្រើបាន) - ប្ដូរពុម្ពអក្សរទៅជា Khmer OS System នៅក្នុងការកំណត់ផ្ទាល់ខ្លួន…

- ធ្វើឲ្យប្លង់ក្ដារចុចសម្រាប់ប្រទេសកម្ពុជាប្រើបាន…

- សម្រាប់បញ្ហាពុម្ពអក្សរ និង ប្លង់ក្ដារចុច យើងនឹងព្យាយាមដោះស្រាយបន្តទៀត ។
ស៊ូស៊ី ១០.១ នឹងចេញផ្សាយនៅចុងខែនេះ ហើយស៊ូស៊ី ១០.១ ផ្លូវការនឹងចេញផ្សាយនៅមុនថ្ងៃចូលឆ្នាំខ្មែរ ។ សង្ឃឹមថាអាពួកម៉ាកខ្ញុំនៅស្រុកនឹងពេញចិត្តមិនខាន ព្រោះសន្យាថាយកឲ្យវាពេលទៅលេងចូលឆ្នាំ ។
ភ្លេចជម្រាប
March 25, 2006
![]()
រវល់តែអួត ភ្លេចប្រាប់ឲ្យឈឹងថា កម្មវិធីកុំព្យូទ័រដែលខ្ញុំលើកយកមកនិយាយនៅទីនេះ គឺដំណើរការតែក្នុងលីនុចប៉ុណ្ណោះ ។ ប៉ុន្តែអាចមានកម្មវិធីមួយចំនួនដែរ ដែលនឹងអាចដំណើរការទាំងលើលីនុច និង វ៉ីនដូ ។
អួត Kget សិន !
March 24, 2006
ឥឡូវឥតទាន់មានអីអួត មានតែអួតអាកម្មវិធីដែលប្រើសម្រាប់ទាញយក ៖

អូ ! បើនិយាយពីកម្មវិធីគ្រប់គ្រងការទាញយកវិញ (download manager) អា Kget ហ្នឹងពិតជាអេមផស់គេមែន ។ មិនមែនចេះតែអួតទេ តែអាហ្នឹងវាអញ្ចឹងមែន ! បើមិនជឿមើលខាងក្រោម ៖
- អាចផ្អាក ឬ បន្តការទាញយកដោយគ្រាន់តែចុចប៊ូតុងម៉ាប៉ក់
- អាចបន្តដោយស្វ័យប្រវត្តិ ពេលដាច់ការតភ្ជាប់
- មានគោលដៅទម្លាក់មួយ ដែលអាចឲ្យយើងអូស ហើយទម្លាក់ URL ដែលចង់ទាញយក
- អាចកំណត់ចំនួនការតភ្ជាប់ ដើម្បីទាញយកឯកសារ (ឮគេថា តភ្ជាប់កាន់តែច្រើន ល្បឿនកាន់តែលឿន)
- គ្រាន់តែយើងចម្លង URL ដែលយើងចង់ទាញយក វានឹងទាញយកដោយស្វ័យប្រវត្តិ
- ហើយពិសេសជាងគេបំផុត គឺចំណុចប្រទាក់ជាភាសាខ្មែរហ្នឹងតែម្ដង
ស៊ូស៊ីលីនុច ១០.១ បេតា ៨
March 24, 2006
ទើបតែបានទាញយកស៊ូស៊ីលីនុចកំណែ ១០.១ បេតា ៨ (បេតាចុងក្រោយ) ហើយកំពុងតែញាប់ដៃញាប់ជើងសាកល្បងដំឡើង ។ ចង់ដឹងថា ភាសាខ្មែរដំណើរការបានស្រួលបួលនឹងគេឬនៅ ក្នុងស៊ូស៊ីហ្នឹង ។ ចាំពេលដំឡើងរួច ស៊ឹមយករូបភាពខ្លះមកអួត ។
បានមួយដែរហើយ !
March 24, 2006
ទើបតែឆ្លៀតបង្កើតបានកំណត់ហេតុលើបណ្ដាញមួយនឹងគេ តែចំណុចប្រទាក់វា នៅមិនទាន់បង្ហាញជាភាសាខ្មែរនៅឡើយ ។ ឮថា e-khmer បានបកប្រែ wordpress រួចហើយ ចាំសួរគាត់មើលថាត្រូវធ្វើយ៉ាងម៉េច ?


